ស្ថានភាពទូទៅខេត្ត – រដ្ឋបាលខេត្តព្រះសីហនុ

ស្ថានភាពទូទៅខេត្ត

ស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជាជាប់នឹងឆ្នេរសមុទ្រមានចំងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ និងចំងាយ២៦០គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៣និងមានផ្លូវដែកឆ្លងកាត់តាមខេត្តកណ្តាល តាកែវនិងកំពតហើយមានព្រំប្រទល់ ៖

  • ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ
  • ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃឡង់
  • ខាងជើងជាប់នឹងខេត្តកោះកុង។

ខេត្តព្រះសីហនុចែកជារដ្ឋបាលចំនួន: ៣ស្រុក និង២ក្រុងដែលមានឃុំចំនួន២៣ សង្កាត់ចំនួន០៦ និងភូមិចំនួន១១១ ហេីយមានផ្ទៃដីសរុប២.៦៥៨,៩០គីឡូម៉ែត្រការ៉េនិងមានស្ថានភាពផ្ទៃដី ២/៣ ជាដីព្រៃភ្នំនិងខ្ពង់រាប មានឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ និងមានកោះតូច-ធំចំនួន​​ ៣២កោះនិងមានធនធានធម្មជាតិដែលមានព្រៃកោងកាងចំនួន ១៣.៥០០ហិកតា ផ្កាថ្មចំនួន១.១៩៨ហិកតានិងស្មៅសមុទ្រចំនួន ២.៧១០ហិកតា។

ស្ថានភាពប្រជាសាស្រ្ត

ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅចំនួន ៤៧.៤៧៦គ្រួសារហេីយមានប្រជាជនសរុបចំនួន ២២១.៣៦០នាក់ក្នុងនោះស្រី្តចំនួន​ ១១១.២៣២នាក់និងមានដង់ស៊ីតេប្រជាជនសរុប ៨៣,២៥នាក់/គម២។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗជាមធ្យម ២.៤៥៣ដុល្លានៅឆ្នាំ២០១៤និង ៤.១៧៥ដុល្លានៅឆ្នាំ២០១៨។ អត្រាភាពក្រីក្រនៅដើមឆ្នាំ២០១៥ មានកម្រិតមធ្យមប្រមាណ ១៤,២០% និង ៤.៤៤%នៅដើមឆ្នាំ២០១៩។

ស្ថានភាពសេដ្ឋកិច្ច

ភាពរីកចម្រើននៃសេដ្ឋកិច្ច គឺពឹងផែ្អកលើប្រភពសក្តានុពលជាច្រើនដែលមាននៅក្នុងខេត្តដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (ផ្ទៃដីស្រែ ចម្ការ ដំណាំ កសិ-ឧស្សាហកម្ម) តំបន់អភិវឌ្ឍន៍ទេសចរណ៍ (រមណីយដ្ឋានធម្មជាតិ​ តំបន់កោះ ឆ្នេរខ្សាច់) តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ កំពង់ផែឧកញ៉ាម៉ុង កំពង់ផែស្វយ័តស្ទឹងហាវ និងក្រុមហ៊ុននាំចេញ-នាំចូលក្នុង និងក្រៅប្រទេស) តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម (រោងចក្រ សហគ្រាស អគ្គិសនី ទឹកស្អាត)។ល។ សក្តានុពលទាំងនោះ ជាកត្តាសំខាន់បម្រើដល់ការអភិវឌ្ឍខេត្តដែលជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

Skip to toolbar