ពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ

  • 18
នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការស្តីពីការសច្ចាប្រណិធានបំពាក់កន្សែងកាយរឹទ្ធិចំនួន ៤៤៤នាក់ ស្រី ក្នុងនោះកាយរិទ្ធប្អូន និងកាយរិទ្ធជំទង់សរុបចំនួន ៤៤៤នាក់ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋមានការទទួលខុសត្រូវចំពោះខ្លួន និងចំពោះអ្នកដទៃ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១ ៩៤៤នាក់ ស្រី ៩៩៧នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរពិធីសច្ចាប្រណិធាន បំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកាយរឹទ្ធិខេត្តព្រះសីហនុ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បំពេញការងារសង្គម ធ្វើសកម្មភាពមនុស្សធម៌ ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកស្ទួយកិត្យានុភាពជាតិ ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នាល្អរួមសាមគ្គីធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ស្របតាមគោលការណ៍ណែនាំ បទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈរបស់កាយរឹទ្ធិជាតិកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាជាប្រធាន។ ការចូលរួមសកម្មភាពសង្គមជាច្រើនរបស់កាយរឹទ្ធិខេត្តព្រះសីហនុ បានទាក់ទាញទឹកចិត្តគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងមហាជននៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ និងឯកជនដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សថ្នាក់ទី១២ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសយកចិត្តទុកដាក់រៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងនវកាយរឹទ្ធិនាពេលនេះ ដើម្បីក្លាយជាកាយរឹទ្ធិពេញសិទ្ធិស្របតាមគោល ការណ៍កាយរឹទ្ធិជាតិកម្ពុជា ក្នុងគោលបំណងអប់រំពួកគាត់ឱ្យមានចំណេះដឹង លក្ខណៈសម្បត្តិល្អ សីលធម៌ល្អ ក្លាយជាយុវជនដែលមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ស្ម័គ្រចិត្តជួយការងារសាលារៀន ធ្វើសកម្មភាពសម្អាតបរិស្ថាន សម្រួលចរាចរណ៍ និងការងារស្ម័គ្រចិត្ត ព្រមទាំងចូលរួមការងារសង្គមផ្សេងៗជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍចលនាកាយរឹទិ្ធ នៅខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការសច្ចាប្រណិធាន គឺការថែរក្សាខ្លួនប្រាណឱ្យមានកាយ សម្បទា ទន្ទឹមនោះត្រូវហាត់ប្រាណឱ្យមានកាយសម្បទារឹងមាំ មិនត្រូវប៉ះពាល់គ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលប្រយោជន៍នោះទេ វាបង្កប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សង្គម ពិសេសប៉ះពាល់សុខភាពក្លាយជាជនហឹង្សា ដែលសង្គមស្អប់ខ្ពើម។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចេះអធ្យាស័យក្នុងការបើកបរ។ ចិត្តគំនិតភ្ញាក់រលឹក បន្តការខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវនូវចំណេះដឹងថ្មីៗ ជំនាញប្រយោជន៍ដល់ការសិក្សាឈានទៅរកភាពជោគជ័យទៅអនាគត ត្រូវមានសិលធម៌ ធ្វើការកូនល្អ សិស្សល្អ ពលរដ្ឋល្អ ព្រមទាំងចូលរួមផ្សព្វផ្សាយពីគុណតំលៃនៃប្រទេសជាតិ។ ចំពោះក្មួយៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្រសួងអប់រំបានធ្វើកំណែទម្រង់អ្នកចេះ គឺជាប់ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ក្នុងការឱ្យលោកគ្រូ អ្នកគ្រូជួយបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ដូច្នេះក្មួយត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់ដោយខ្លួនដើម្បីឱ្យការប្រឡងឆ្នាំនេះជាប់បានកាន់តែច្រើន និងទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភលោកគ្រូ អ្នកគ្រូចូលរួម ៤២នាក់ ម្នាក់ ១០ម៉ឺនរៀល កាយរិទ្ធ ៤៤៤នាក់ សិស្សថ្នាក់ទី១២ ៦១៦នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល និងឧបត្ថម្ភគ្រូបំប៉នថ្នាក់ទី១២ រយៈពេល ៣ខែ ចំនួន ៨០ ៧៦០ ០០០រៀល៕
Skip to toolbar