ឯកឧត្តម ហោ សារុន លោក ម៉ាង ស៊ីណេត និងឯកឧត្តម ឈឹម ឃិនដារ៉េត អញ្ជើញបើកសិក្ខាសាលាស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ហោ សារុន លោក ម៉ាង ស៊ីណេត និងឯកឧត្តម ឈឹម ឃិនដារ៉េត អញ្ជើញបើកសិក្ខាសាលាស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍»

  • 20
ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញបើកសិក្ខាសាលាស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍សិក្សាសាលាស្តីពី សុវត្ថិភាពកុមារ និងបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុ មានអ្នកជំងឺអេដស៍ដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្តព្រះសីហនុ សរុបចំនួន ២.២៦៥នាក់ ស្រី ១.០២៤ នាក់ ក្នុងនោះជនបរទេស ២៧នាក់ (ឥណ្ឌូនេស៊ី ១៦នាក់ ចិន ៥នាក់ វៀតណាម ៤នាក់ ហ្វីលីពីន ១នាក់ និងឥណ្ឌា ១នាក់)។ ក្រៅពីនោះ ក៏មានអ្នកមកទទួលសេវាពិគ្រោះ និងព្យាបាលជំងឺកាមរោគសរុបចំនួន ៥០៩នាក់ ស្រី ២៦៨នាក់ (អ្នកជំងឺស្វាយមាន ២៣១នាក់ និងជំងឺកាមរោគផ្សេងៗ ២៧៨នាក់។ ការទទួលសេវាប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ និងជំងឺស្វាយសរុបចំនួន ៤.៣៦៤ នាក់ ស្រី ១.២៨១នាក់ ក្នុងនោះ វិជ្ជមានជំងឺអេដស៍សរុប៖ ៧៣នាក់ (ស្រី ១២នាក់) និងវិជ្ជមានជំងឺស្វាយ សរុប ១៣៦នាក់ (ស្រី ៦៥នាក់)។
លោក អភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដឹកនាំបំផុសចលនាចូល រួមជាចរន្តតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ក្នុងគោលដៅដើម្បីឈានទៅបញ្ចប់ជំងឺអេសដ៍នៅឆ្នាំ២០២៥។ ចំពោះការឆ្លងរាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ក៏ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យវាមានការប៉ះពាល់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ ប្រសិនបើការឆ្លងរីករាលដាលនេះកើតមានទ្រង់ទ្រាយធំដោយយើងមិនបានធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ។
លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តបានសហការជាមួយអង្គការ CWPD និងអង្គការ MHC អប់រំសុខភាព ផ្តល់ប្រឹក្សាធ្វើតេស្តឈាម ចែកស្រោមអនាម័យ និងបញ្ជូនទៅពិនិត្យសុខភាពបន្តពូជនៅមន្ទីរពេទ្យបង្អែក ដោយមិនមានការបង់ប្រាក់ដល់ក្រុមនារីធ្វើការនៅខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋាន និងក្លឹបកម្សាន្តចំនួន ៨១កន្លែង មាននារីធ្វើការចំនួន១.៣៥៩នាក់ និងក្រុមបុរសស្រឡាញ់បុរសចំនួន ១.១៥០នាក់ និងក្រុមបំប្លែងភេទចំនួន ៥៨៦នាក់ ដែលពួកគេប្រកបមុខរបរនៅទីតាំងកំណត់មិនច្បាស់លាស់។
– មណ្ឌលសុខភាពទាំង១៧ ត្រូវបានដាក់ឱ្យអនុវត្តការធ្វើតេស្តឈាមរហ័ស (នៅចុងម្រាមដៃ) គ្រប់ប្រជាជនទូទៅ រួមទាំងស្ត្រីដែលមកពិនិត្យផ្ទៃពោះលើកទី១ និងគ្រប់អ្នកជំងឺរបេង ត្រូវបានផ្តល់ប្រឹក្សា ធ្វើតេស្តឈាមរកមេរោគអេដស៍/មេរោគស្វាយ និងដៃគូ។ រដ្ឋបាលខេត្ត បានសហការជាមួយក្រសួងផែនការ សហការជាមួយមន្ទីរសុខាភិបាលផ្តល់ប័ណ្ណក្រីក្រកំរិត២ (ស្ថិតក្នុងចំណាត់ថ្នាក់ក្រីក្របន្ទាប់ពីក្របំផុត ឬក្រ) ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍សរុបចំនួន ៩៤៦នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើកការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចដោយក្នុងនោះក៏បានផ្តោតអទិភាពលើការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ។ល។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បើកសិក្ខាសាលាបញ្ជាក់ថា សិក្ខាសាលា ក្នុងគោលបំណងបង្កើនការយល់ដឹងលើក្រមសីលធម៌ការពារកុមារ និងទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងឧស្សាហកម្មទេសចរណ៍ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធ យុវជន សមាគម ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលបានចូលរួមជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមតាមរយៈការវិនិយោគ ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារ និងអភិរក្សសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់។ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ សុំឱ្យសិក្ខាកាមទាំងអស់បន្តការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញរបស់វាគ្មិន បើមានចម្ងល់អាចសួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស និងផ្តល់ព័ត៌មានផ្សេងៗ ដើម្បីចែករំលែកព័ត៌មានថ្មីៗលើការយល់ដឹងអំពីការពារកុមារ និងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងឧស្សាហកម្មទេសចរណ៍៕
Skip to toolbar