ឯកឧត្ដម អៀង មូលី និងឯកឧត្ដម គួច ចំរើន អញ្ជើញបើកសិក្ខាសាលា ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងសមិទ្ធផលការងារ បង្ការ ថែទាំព្យាបាលជំងឺអេសដ៍ ព្រមទាំងមហារីកមាត់ស្បូន – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្ដម អៀង មូលី និងឯកឧត្ដម គួច ចំរើន អញ្ជើញបើកសិក្ខាសាលា ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងសមិទ្ធផលការងារ បង្ការ ថែទាំព្យាបាលជំងឺអេសដ៍ ព្រមទាំងមហារីកមាត់ស្បូន

  • 20
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលា ស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងសមិទ្ធផលការងារ បង្ការ ថែទាំព្យាបាលជំងឺអេសដ៍ ព្រមទាំងមហារីកមាត់ស្បូន ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ-ចៅសង្កាត់ វេជ្ជបណ្ឌិត គ្រូពេទ្យ ម្ចាស់អាជីវកម្មទេសចរណ៍។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍ សិក្ខាសាលានេះ ក្នុងគោលបំណងជំរុញយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បញ្ជ្រាបការយល់ដឹងអំពីជំងឺឆ្លង និងមហារីកមាត់ស្បូន ព្រមទាំងទាញការយកចិត្តទុកដាក់ឱ្យប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមហារីកមាត់ស្បូន។ លើសពីនេះទៀត បានចូលរួមបញ្ចប់ការរើសអើងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងកំពុងលើកទឹកចិត្ត គាំទ្រឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ ពីអ្នករងគ្រោះផ្ទាល់មកទទួលការប្រឹក្សាយោបល់ ការថែទាំសុខភាព និងថ្នាំប្រឆាំងមេរោគអេដស៍បានត្រឹមត្រូវទៀងទាត់ និងជាប់លាប់ ព្រមទាំងបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានជីវភាពខ្វះខាត។
ឯកឧត្ដម អភិបាលខេត្ត បានបន្តថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដោយសហការជាមួយរដ្ឋបាលក្រុងស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការ សមាគម និងអ្នកពាក់ព័ន្ធនានាបានអនុវត្តការងារដូចខាងក្រោម៖ លទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ បច្ចុប្បន្នអ្នកជំងឺអេដស៍ ដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្តព្រះសីហនុសរុបចំនួន ២.២៦៥នាក់ ស្រី ១.០២៤នាក់ ក្នុងនោះជនបរទេស ២៧នាក់ (ឥណ្ឌូនេស៊ី ១៦នាក់ ចិន ៥នាក់ វៀតណាម ៤នាក់ ហ្វីលីពីន ១នាក់ និងឥណ្ឌា ១នាក់) ។ អ្នកមកពិគ្រោះ និងព្យាបាលជំងឺកាមរោគសរុបចំនួន ៥០៩នាក់ ស្រី ២៦៨នាក់ ក្នុងនោះជំងឺស្វាយ ២៣១នាក់ និងអ្នកជំងឺកាមរោគផ្សេងៗ ២៧៨នាក់។ អ្នកមកប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ និងស្វាយសរុបចំនួន ៤.៣៦៤ នាក់ ស្រី១.២៨១នាក់ ក្នុងនោះ៖ -វិជ្ជមានអេដស៍សរុប ៧៣នាក់ ស្រី ១២នាក់ -វិជ្ជមានស្វាយសរុប ១៣៦ នាក់ ស្រី៦៥ នាក់។ មន្ទីរសុខាភិបាលសហការជាមួយអង្គការ CWPD និងអង្គការ MHC បានអប់រំសុខភាពផ្ទាល់ផ្តល់ប្រឹក្សាធ្វើតេស្តឈាម ចែកស្រោមអនាម័យ បញ្ជូនទៅពិនិត្យសុខភាពបន្តពូជនៅមន្ទីរពេទ្យបង្អែកដោយមិនបង់ប្រាក់ដល់ក្រុមនារីធ្វើការនៅខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋាន និងក្លឹបកម្សាន្តចំនួន ៨១កន្លែង មាននារីធ្វើការចំនួន ១.៣៥៩នាក់ និងក្រុមបុរសស្រឡាញ់បុរសចំនួន ១.១៥០នាក់ និងក្រុមបំប្លែងភេទចំនួន ៥៨៦នាក់ ដែលពួកគេប្រកបមុខរបរនៅទីតាំងកំណត់មិនច្បាស់លាស់។ មណ្ឌលសុខភាពទាំង១៧ ត្រូវបានដាក់អោយអនុវត្តការធ្វើតេស្តឈាមរហ័ស (នៅចុងម្រាមដៃ) គ្រប់ប្រជាជនទូទៅគ្រប់ស្ត្រីដែលមកពិនិត្យផ្ទៃពោះលើកទី១ និងគ្រប់អ្នកជំងឺរបេង ត្រូវបានផ្តល់ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយនិងដៃគូ។
ឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មានប្រសាសន៍បើកសិក្ខាសាលាដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត សាខាកាកបាទក្រហមខេត្ត គ្រូពេទ្យ អង្គការ សមាគម និងអ្នកពាក់ព័ន្ធ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទាំងថវិកា និងបច្ចេកទេសក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ។ ការចុះប្រាស្រ័យទាក់ទងផ្ទាល់ ការផ្តល់ចំណេះដឹងតាមបណ្តាញសង្គមដោយផ្ដោតទៅលើបច្ចុប្បន្នភាពចំណេះដឹងពីស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ បញ្ហាប្រឈម ការបង្ការការចម្លងមេរោគអេដស៍ ការស្វែង រកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានទាន់ពេលវេលា ការស្វែងរកសេវាថែទាំ ព្យាបាល និងការស្វែងរកការគាំទ្រជំរុញស្វែងរកអ្នកដែលមានវិជ្ជមានតាមរយៈការធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព និងតាមបណ្ដាញក្នុងសហគមន៍ (អង្គការ)។ បន្តសហការឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុងការអនុ វត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យនិងនិរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥នៅកម្ពុជា ព្រមទាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការទាំង៦ទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ បន្តតាមដានត្រួតពិនិត្យនិងវាយតម្លៃគ្រប់សកម្មភាពនៅតាមសហគមន៍។
Skip to toolbar