សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៨ យាងចូល ៨៩ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៨ យាងចូល ៨៩ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ

  • 20
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៨ យាងចូល ៨៩ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
ពិធីប្រារព្ធពិធីថ្វាយព្រះពរចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ព្រះមេគុណខេត្ត និងព្រះសង្ឃចំនួន ៨៩អង្គ ថ្វាយព្រះពរ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៨៨ យាងចូល ៨៩ព្រះវស្សានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្តិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៨ យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ជាកូនចៅ ចៅទួត ចៅលួត សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ។
ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះសម្តេចព្រះមហាក្សតី ដែលកន្លងមកទ្រង់បានលះបង់ ព្រះកាយពល និងព្រះរាជបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបំពេញព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា ដើម្បីភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្ល ព្រះរាជសុខភាពបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏ប្រគេនទេយ្យទានព្រះសង្ឃចំនួន ៧វត្ត មានដូចជា អង្ករ មីជាតិ ទឹកត្រី ត្រីខ ទឹកសុទ្ធ ថវិកាមួយវត្ត ២លានរៀល ប្រគេនព្រះចៅអធិកា ១អង្គ ៣០ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ ១៥២អង្គ មួយអង្គ ១០ម៉ឺនរៀល ជូនតាជី យាយជី ២០នាក់ ក្នុងម្នាក់ ក្រណាត់សរ ១ដុំ ថវិកា ២ម៉ឺនរៀល៕
Skip to toolbar