ឯកឧត្តមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម និងលោក ម៉ាង ស៊ីណេត អញ្ជើញបើកកម្មវិធីអប់រំសុខភាពដែលរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម និងលោក ម៉ាង ស៊ីណេត អញ្ជើញបើកកម្មវិធីអប់រំសុខភាពដែលរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 4
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ បើកកម្មវិធីអប់រំសុខភាពដែលរៀបចំដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ព្រីនស៍ ថាម ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព ប្រធានសភាពាណិជ្ជ កម្មខេត្តព្រះសីហនុ ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងបំពេញការងារនៅក្នុងខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាស្តីពីសុខភាពប្រជាពលរដ្ឋឥណ្ឌូនេស៊ី តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងសិក្ខាសាលាស្តីពី «សុខភាពប្រជាពលរដ្ឋឥណ្ឌូនេស៊ី» ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងរស់នៅប្រកបមុខរបរផ្សេងៗ និងបម្រើការងារក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រះសីហនុ។ ក៏ជាផ្នែកមួយ នៃការរំលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ។
លោកអភិបាលរងខេត្ត បានបន្តថា សិក្ខាសាលារយៈពេល២ថ្ងៃ មានសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តដល់ការរស់ នៅប្រកបដោយសុខភាពល្អ ដូចជា៖ វេទិកាអប់រំសុខភាព ពិនិត្យសុខភាពមូលដ្ឋានដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងលក់ផលិតផល សុខភាពឥណ្ឌូនេស៊ី សកម្មភាពកំសាន្តសប្បាយ រួមមានលំហាត់ប្រាណសប្បាយៗ ដែលដឹកនាំដោយគ្រូជំនាញ ការលេងហ្គេមចាប់រង្វាន់ និងសេវាពិគ្រោះយោបល់ជំងឺ (សម្រាប់តែជនជាតិឥណ្ឌូនេស៊ី)។ ពិតជាឆ្លុះបញ្ចាំងអំពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងរយៈពេលប្រមាណជិត ៦៥ឆ្នាំកន្លងមកនេះបានផ្ដល់នូវផ្លែផ្កាជាច្រើនតាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិសេសការពង្រឹងទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យខាងលើរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលផ្សេងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ក្នុងខែឧសភាកន្លងមកនេះ នៅខេត្តព្រះសីហនុ មានអ្នកមកពិគ្រោះជំងឺចំនួន ៧.២៨២នាក់ ក្នុងនោះអ្នកជំងឺជនជាតិឥណ្ឌូនេស៊ីមានចំនួន១៩នាក់។
ឯកឧត្តមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កម្មវិធីសុខភាពឥណ្ឌូនេស៊ីរៀបចំនៅក្រុងព្រះសីហនុមានរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងសំខាន់ពីរ ទី១.ការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ផ្តោទៅលើផ្នែកសុខភាព និងសុខាភិបាល ទី២.ណែនាំអំពីវិធីការពារសុខភាពដល់ប្រជាជនឥណ្ឌូនេស៊ី នៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ក្នុងកម្មវិធីសុខភាពឥណ្ឌូនេស៊ីដែលរៀបចំនៅក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ហើយភាគីដែលមកចូលរួមមានដូចជា ឥណ្ឌូនេស៊ី និងភាគីកម្ពុជា ក្នុងការចូលរួមនេះទៀតសោត មិនមែនមានតែក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលឱសថនៅក្នុងប្រទេសកម្ពុជានោះទេ ក៏មានតំណាងគ្លីនិកនៅក្នុងក្រុងព្រះសីហនុចូលរួម ហើយក៏មានតំណាងមន្ទីរពេទ្យមកពីប្រទេសឥណ្ឌូនេស៊ីចូលរួមផងដែរ។ ក្រៅពីនោះក៏មានក្រុមហ៊ុនដែលមានមុខជំនួញផ្នែកសុខាភិបាល គាត់បានចូលរួម ដើម្បីរកដៃគូសហការគ្នាលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា កម្មវិធីសុខភាពឥណ្ឌូនេស៊ីធ្វើឡើងដើម្បីប្រជាជនយើងទាំងអស់គ្នា មិនសំដៅទៅលើអ្នកណាម្នាក់នោះទេ គឺបើកឱ្យប្រជាជនចូលរួមទាំងអស់គ្នា ហើយការចូលរួមក្នុងកម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារ ព្រីនស៍ ថាម ហើយប្រជាពលរដ្ឋអាចអញ្ជើញមកចូលរួមបាននូវផលិតផលសុខភាពដែលនៅទីនេះដែលជាផលិតផលដែលមានស្តង់ដារគុណភាព ប្រជាជនអាចមកទស្សនា ឬអាចទិញ ក្រៅពីនេះស្ថានទូតក៏មានរៀបចំនូវសិក្ខាសាលាពាក់ព័ន្ធនឹងការអប់រំសុខភាព ទន្ទឹមនោះក៏មានរង្វាន់យ៉ាងច្រើនសម្រាប់ប្រជាជន មានដូចជា ម៉ូតូ កង់ និងនាឡិកាឆ្លាតវៃ ទាំងនេះជារង្វាន់សម្រាប់ប្រជាជនក៏ដូចជាអ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ។
ឯកឧត្តមបណ្ឌិត ស្ថានទូតឥណ្ឌូនេស៊ីបានបញ្ជាក់ថា កម្មវិធីនេះកើតឡើងបន្តទៀត អាស្រ័យទៅនឹងប្រជាពលរដ្ឋចូលរួមឆ្នាំនេះច្រើនកាលណា យើងសង្ឃឹមថា និងអាចមានព្រឹត្តិការណ៍នេះបន្តទៀតនៅឆ្នាំក្រោយ ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសុខភិបាលដែលបានជួយគាំទ្រយ៉ាងខ្លាំងដើម្បីឱ្យកម្មវិធីនេះកើតមានឡើងនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ៕
Skip to toolbar