ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ ការិយាល័យនិងអាគារស្នាក់នៅថ្មីរបស់ស្ថានអគ្គកុងសុលវៀតណាមប្រចាំខេត្តព្រះសីហនុ ឯកឧត្តម ថាច់ ស៊ឺ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចេវ គឹមហេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគារការិយាល័យនិងអាគារស្នាក់នៅថ្មីរបស់ស្ថានទូតអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។
ឯកឧត្តម ជូ ស៊ីគៀវ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុមានប្រសាសន៍ស្វាគមន៍ក្នុងពិធីនេះឱ្យដឹងថា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុបានបង្កើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៨៩ មកដល់បច្ចុប្បន្ននេះមានរយៈពេលជិត៣០ឆ្នាំហើយ ស្ថានអគ្គកុងស៊ុលគឺជាស្ថាប័នមួយតំណាងកិច្ចការបរទេសប្រចាំខេត្តព្រះសីហនុ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនេះទទួលបន្ទុកចំនួន៦ខេត្តភាគនិរតីរបស់កម្ពុជារួមមាន ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និងកំពង់ស្ពឺ។ ស្ថានអគ្គកុងស៊ុលវៀតណាម មានតួនាទីធ្វើជាចំណងតភ្ជាប់ជាមួយបណ្ដាខេត្តរបស់កម្ពុជា។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនសំណង់បានឱ្យដឹងថា គម្រោងសាងសង់សំណង់អាគារនេះស្ថិតនៅសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុសាងសង់លើផ្ទៃដីចំនួន២៤៩០ម៉ែត្រការ៉េ ក្នុងនោះក្រឡាផ្ទៃសាងសង់មានចំនួន ៧៣៦.៥ម៉ែត្រការេ ហើយក្រឡាផ្ទៃប្លង់សរុបចំនួន២៤០៤.៥ម៉ែត្រការេ ក្នុងនោះកន្លែងធ្វើការ និងកន្លែងទទួលភ្ញៀវបរទេសមាន៤ជាន់មានបន្ទប់ស្នាក់នៅរបស់សមាជិកកម្មាភិបាលមានបន្ទប់សន្តិសុខការពារ និងសំណង់បន្ទាប់បន្សំដទៃទៀតមានស្ថានីយអគ្គីសនី បណ្ដាញដាំរុក្ខជាតិ ទីធ្លាផ្លូវរបង និងក្លោងទ្វារនៅជុំវិញសំណង់ ក្នុងនោះប្រព័ន្ធភ្លើងនៅខាងក្រៅអាគារនិងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោម។
នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានអញ្ចើញជាអធិបតីបានសម្ដែងនូវការអបអរសាទរកោតសរសើរ និងបានថ្លែងនូវការអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការកម្មាភិបាលនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដែលស្ថានអគ្គកុងស៊ុលវៀតណាមបានសាងសង់ អាគារកន្លែងធ្វើការនៅក្នុងស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុ អាគារនេះគឺជាការចូលរួមចំណែកមួយដ៏សំខាន់ ជួយឱ្យខេត្តព្រះសីហនុ មានភាពស្រស់ស្អាត ថែមមួយកម្រិតថែមទៀត អាគារនេះគឺជាអាគារនិមិត្តរូប និងពន្លកថ្មីមួយបង្ហាញឱ្យឃើញកាន់តែច្បាស់នូវចំណងទំនាក់ទំនងប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម៕