ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកព្រៃនប់ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកព្រៃនប់ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣

  • 4
ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកព្រៃនប់ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ នៅភោជនីដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះសីហនុ ប្រធានមន្ទីរ លោកអភិបាលស្រុកព្រៃនប់ និវិត្តជនចូលរួមចំនួន ២៥០នាក់ ដែលបានរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អានសារលិខិតសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារចំនួន ៥,១៥៤ខ្នង ទន្ទឹមនោះសមាគមអតីតយុទ្ធជន ក៏បានអំពាវនាវសប្បុរសជន វិស័យឯកជនបន្តចូលរួមឧបត្ថម្ភសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីរបស់យើង និងបានធ្វើការអំពាវនាវដូចតទៅ៖
១.រាជរដ្ឋាភិបាល ចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង
២.ក្រសួង ស្ថាប័ន អង្គភាពបន្តចុះសួរសុខទុក្ខអតីតយុទ្ធជនតាមមូលដ្ឋាន យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្តផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន ៣.ផ្សព្វផ្សាយសារចរាចរ និងសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា និងសមិទ្ធផលនានា
៤.ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល
៥.បន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ
៦.ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ចូលរួមជួយឧបត្ថម្ភគាំទ្រអតីតយុទ្ធជន ពិសេសគ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក
៧.សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីប្រយោជន៍បងប្អូនននិងប្រទេសជាតិ។ រាជរដ្ឋាភិបាលបានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ។
ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត បាននាំយកអំណោយចែកជូននិវត្តជននៅស្រុកព្រៃនប់ចំនួន ២៥០នាក់ ក្នុងម្នាក់ទទួលបាន មី១កេស ទឹកបរិសុទ្ធ១កេស អាហារសម្រន់ និងថវិកា ២ម៉ឺនរៀល។
Skip to toolbar