ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់

  • 4
ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ បានបង្កករណីហិង្សា ដែលប្រាសចាកពីបំណងប្រាថ្នារបស់សង្គមជាតិ អាចចាត់ទុកជាជនសង្ស័យ នៃការប្រព្រឹត្តអំពើល្មើស ដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នេះជាការអប់រំ ព្រោះក្រុមក្មេងទាំងនេះបង្កើតជាបក្សពួកបង្កអំពើហិង្សាឈានទៅយកម៉ូតូអ្នកដទៃ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នារួមមាន៖ ទី១.ឪពុក ម្តាយ ២.សហគមមានមេភូមិ ចៅសង្កាត់ចូលរួម ៣.សហគមគ្រូបង្រៀន ៤.កងកម្លាំងប្រដាប់អាវុធ ៥.ស្ថាប័នតុលាការ។ ហើយក្រុមទាំង៥នេះ ត្រូវបង្កើត telegram ក្នុងការចូលរួមតាមដានគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យពួកគេបានយល់ពីកំហុស និងឈប់បង្កើតជាបក្សពួកបន្តទៀត ដោយធានាយកទៅរស់នៅក្នុងសហគមវិញ ហើយនៅរាល់ពេលក្មេងទាំងនេះចេញទៅសាលារៀន គឺឪពុកម្តាយ ត្រូវរាយការណ៍ចូលក្នុងក្រុម telegram ហើយនាយកសាលាត្រូវត្រួតពិនិត្យវត្តមានឱ្យបានត្រឹមត្រូវ ហើយនៅពេលកូនរបស់ខ្លួនទៅដល់ផ្ទះ អាណាព្យាបាលត្រូវរាយការណ៍ចូលក្នុងក្រុម ដើម្បីធានាថាកូនរបស់ពួកគាត់បានវិលត្រឡប់មកដល់ផ្ទះវិញហើយ។ បើសិនក្មេងទាំងអស់នេះគេចមិនចូលសាលា គ្រូត្រូវរាយការណ៍មកអាណាព្យាបាល ដើម្បីយើងមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមក្មេងទំនើងទាំងនេះ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលនៅរៀងរាល់ព្រឹកថ្ងៃអាទិត្យ រយៈពេល១០អាទិត្យ ដើម្បីធានាថា កូនរបស់អស់លោកបានធ្វើការកែខ្លួន ប្រសិនបើនៅតែបន្តបង្កើតក្រុមបក្សពួក ប្រើអំពើហិង្សាលើកក្រោយមិនមានការលើកលែងនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។ ឯកឧត្តមបានឱ្យអាណាព្យាបាលត្រូវធានាកូនយកទៅវិញ និងបន្តខិតខំអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ និងអនុវត្តវិធានការអប់រំឱ្យបានហ្មត់ចត់ ដោយធ្វើការតាមដានដាក់វិន័យតាមគ្រួសារ។ ទន្ទឹមនោះសហគមទាំង៥ ត្រូវរួមគ្នាសហការតាមដានជាប់ជាប្រចាំ ហើយនេះក៏ជាពេលចុងក្រោយសម្រាប់ផ្តល់ឱកាសឱ្យក្រុមក្មេងទាំង ២៥នាក់ វិលចូលការសិក្សាវិញ។ ការបង្កើតបក្សពួកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ ជាអំពើដែលសង្គមជាតិស្អប់ខ្ពើមជាទីបំផុត ត្រូវស្តាប់តាមការអប់រំរបស់ឪពុក ម្តាយ និងសហគមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។
Skip to toolbar