ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣

  • 4
នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារ:ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលបាន ដើម្បីប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរង គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធានយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវលោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន។ សាខានឹងរង់ចាំទទួលការបរិច្ចាករបស់បងប្អូនគ្រប់ពេលវេលា មិនថាអ្នកមាន អ្នកក្រនោះទេ គឺធ្វើយ៉ាងណាឱ្យតែបងប្អូនមានសុទ្ធាក្នុងការចូលរួមបរិច្ចាគមកសាខាទោះបីថវិកា ឬសម្ភារ:តិច ឬច្រើន៕
Skip to toolbar