ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយឯកឧត្តម ណុង រ៉ុង (NONG RONG) – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយឯកឧត្តម ណុង រ៉ុង (NONG RONG)

  • 4
កាលពីរាត្រីថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយឯកឧត្តម ណុង រ៉ុង (NONG RONG) ឧបការីរដ្ឋមន្រ្តីការបរទេសចិន ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍វត្តមានរបស់ឯកឧត្តម NONG RONG និងគណៈប្រតិភូនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ស្របពេលដែលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ (ពិន្ទុខ្ពស់ជាងគេ) ក្នុងចំណោមក្រុង-ខណ្ឌចំនួន៧ ទូទាំងប្រទេសដែលទទួលបានជ័យលាភីទីក្រុងស្អាត ផ្ការំដួល៣ទង និងចំណាត់ថ្នាក់លេខ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបការីរដ្ឋមន្ត្រីការបរទេសចិននៅខេត្តព្រះសីហនុ បន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់មកហើយតាំងពីព្រះវររាជបិតានរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តនូវស្មារតីរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ ក្នុងនោសញ្ចេតនាបងប្អូន ភាគីទាំងពីរនឹងរួមចំណែកកាន់តែធំធេងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងជួយរួមចំណែកដល់ការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេចំពោះការគាំទ្រគោលនយោបាយចិនតែមួយ និងចាត់ទុកចិនជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួមកម្ពុជា-ចិន។ ថ្មីៗនេះរដ្ឋាភិបាលប្រទេសទាំងពីរ បានដាក់ចេញនូវកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ នយោបាយ និងការទូត សមត្ថភាពផលិត និងវាយភណ្ឌ កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៅប្រទេសចិនចំនួន ១៧។ ក្រោមដំបូលសន្តិភាព និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីជំរុញប្រទេសចិនឆ្ពោះទៅយុគសម័យថ្មី ការលុបបំបាត់ភាពក្រីក្រ កសាងសង្គមរីកចម្រើនលើគ្រប់វិស័យសំដៅប្រែក្លាយប្រទេសចិនទៅជាប្រទេសទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ដើរតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក។
Skip to toolbar