ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ

  • 4
ល្ងាចថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ ដោយមានចូលរួមពីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោកឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរៈ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។

លោកឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរះ បានថ្លែងស្វាគមន៍ការបើកឱ្យដំណើរការសណ្ឋាគារខែមរៈ នារាត្រីដ៏សែនមនោរម្យនេះ សណ្ឋាគារខែមរៈ គឺជាផ្លែផ្កាដ៏ត្រចេះត្រចង់ថ្មីមួយនៃសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍនៅលើទឹកដី នៃតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវខ្លឹមសារពាក្យស្លោក ” អគុណសន្តិភាព “។ សណ្ឋាគារនេះនឹងក្លាយជាសមិទិ្ធផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តភាគនារតី នៃប្រទេសកម្ពុជា មានសក្តានុ ពលធំធេងបំរើឱ្យវិស័យទេសចរណ៍ដែលជាឧត្តមភាពលេចធ្លោតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្នាក់តំបន់ និងពិភពលោកផងដែរ។ សណ្ឋាគារ ខែមរៈ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សាងសង់លើផ្ទៃដី ៧,០១៤ម៉ែត្រការ៉េ មានអគារចំនួនពីរ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗនិងមានសេវាកម្មបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវ: ដើម្បីត្រៀបបំរើសេវាជូនអតិថិជនជាតិ អន្តរជាតិ។ សណ្ឋាគារ ខែមរៈ មានភោជនីយដ្ឋានបំរើសេវាកម្មម្ហូបអាហារបែបចិន និងអ៉ឺរ៉ុប និងផ្សារទំនើបជាដើម បំរើឱ្យវិស័យទេសចរណ៍រស់រវើកឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់វិបត្តិកូវីដ-១៩កន្លងមក ធ្វើឱ្យអ្នកវិនិយោគទទួលផលពីវិស័យទេសចរណ៍ផ្ទាល់ និងប្រយោល។ វិស័យទេសចរណ៍ គឺជាវិស័យមួយក្នុងវិស័យសំខាន់ៗនានាដែលបានរងគ្រោះធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
លោកឧកញ៉ា បានបន្តថា ឆ្នាំ២០២៣នេះ កម្ពុជាមានកិត្តិយសក្នុងការៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនោះខេត្តព្រះសីហនុ បាននឹងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះក្រកួតកីឡា ៣ប្រភេទ មានដូចជា កីឡាទូកក្តោង ម៉ូតូទឹក និងបាល់ទះលើឆ្នេរខ្សាច់ វិ័យទេសចរណ៍ គឺជាមាសបៃតង ហើយខេត្តព្រះសីហនុសម្បូរទៅដោយសក្តានុពលធនធានឆ្នេរសមុទ្រ និងប្រជុំកោះដែលជាប៉ូលទេសចរណ៍សំខាន់ ដែលរាជរដ្ឋាភិបាលប្រសិទ្ធិនាមថាជា ” តារារះនាទិសនារតី ” ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងក្នុងក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ប្រែក្លាយខេត្តព្រះសីហនុក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងការកោតសរសើរ និងចូលរួមអបអរសាទរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ និងជូនពរឱ្យដំណើរការអាជីវកម្មទទួលបានជោគជ័យ និងមានការគាំទ្រ ពីអតិថិជនកាន់តែច្រើន ការដាក់ឱ្យដំណើការសណ្ឋាគារ ខែមរៈ គឺជាសក្ខីភាពបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារនេះនឹងផ្តល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគជាតិ និងអន្តរជាតិ បច្ចុប្បន្នខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល កំណត់ជា “តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង ” និងប្រសិទ្ធនាមជា “ តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខ ខេត្តព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជា បន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជកម្មកាន់តែច្រើននៅខេត្តព្រះសីហនុ។
Skip to toolbar