ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក

  • 4
ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។​
លោក Gu Cui ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានមានប្រសាសន៍លើកឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃរយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។​ ក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង។​ ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០លានដុល្លា។​ ហើយនៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ។​ មានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។​ រោងចក្រផលិតសំបកកងរថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។​
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) នៅក្នុងខេត្តព្រះសីហនុ។ សូមថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធ​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។​ ផ្អែកតាមការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​រវាងរដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ(កម្ពុជា-ចិន) ក្រុមហ៊ុនហុង​តូ​គ្រុប ទីក្រុងហ្វូស៊ី ខេត្តជាំងស៊ូ បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹក​សន្ធាប់​ដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មធុនមធ្យម ធុនធំសម្រាប់ខេត្តព្រះសីហនុ និងបាននាំ​មកនូវបច្ចេកវិទ្យាថ្មីៗ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយបានផ្តល់ការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន​​តាមរយៈធ្វើការងារនៅតាមបណ្តារោងចក្រ-សហគ្រាសនានាក្នុងតំបន់​សេដ្ឋ​កិច្ចពិសេស ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាការបើក​ច្រកពា​ណិ​ជ្ជកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់រវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) និងបានទាក់ទាញការចាប់​អារម្មណ៍​ជា​ប​ណ្តើ​រៗពីបណ្តាវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុនវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ។ វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការ​កើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឱ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ បច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជនៅខេត្តព្រះសីហនុ។
Skip to toolbar