ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោលួច ឆក់នៅតាមដងផ្លូវសាធារណក្នុងក្រុងព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការងារបង្ក្រាបក្រុមលួច ឆក់នេះ មិនមែនការងារទីមួយទេ ក្រោមការដឹកនាំដោយប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ខិតខំពង្រឹងសភាព ការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានសក្តានុពលផ្លូវ ទឹក ភ្លើង ឆ្នេរស្រស់ស្អាត និងមានជើងហោះហើរក្នុងស្រុក និងមកពីក្រៅប្រទេស បានស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទន្ទឹមនោះយើងក៏បានធ្វើផែនការលម្អិតសម្រាប់បង្ការទប់ស្កាត់បទល្មើស។ យើងទទួលស្គាល់ថា មានការលួច ឆក់ ពិសេសនៅពេលយប់ និងពេលព្រលឹមលើភ្ញៀវដើលេងកម្សាន្ត។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមលួចឆក់ក្នុងភូមិសាស្ត្រក្នុងព្រះសីហនុ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងគណៈបញ្ជាការឯកភាពខេត្ត បាននឹងកំពុងកសាងអភិវឌ្ឍប្រទេសពិសេសការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ប៉ុន្តែពួកក្មួយបានបង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទៅវិញ និងបង្កការរំខានដល់សមត្ថកិច្ចរបស់យើងថែមទៀតផង ហើយរាល់សកម្មភាពលួច ឆក់នេះជាអំពើស្អប់ខ្ពើមសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនថាប្រជាពលរដ្ឋខេត្តព្រះសីហនុនោះទេ។ ដូច្នេះនៅពេលទទួលទោសរួចក្មួយៗត្រូវធ្វើការកែប្រែខ្លួនឱ្យក្លាយជាមនុស្សល្អ កូនល្អ និងត្រូវបណ្តុះបណ្តាលវិជ្ជាជីវឱ្យមានក្នុងខ្លួន ព្រោះខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ហើយមានការងារជាច្រើនដែលនៅរង់ចាំយើងទាំងអស់គ្នា ដើម្បីរកប្រាក់ដោយសុច្ចរិត។ ការលួច ឆក់នេះ ជាអំពើដែលសង្គមជាតិស្អប់ស្ពើម ប្រសិនជាប្រជាពលរដ្ឋចាប់បានក្មួយ និងត្រូវស្វាគមន៍ពីប្រជាពលរដ្ឋយ៉ាងចាស់ដៃជាក់ជាមិនខាន ការលួច ឆក់វានាំឱ្យខូចអនាគតខ្លួនឯង និងប៉ះពាល់ដល់កិត្តិយសគ្រួសារថែមទៀតផង។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ១០លានរៀលផងដែរ។
Skip to toolbar