ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន ចូលជួបសម្តែងការគួសម – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន ចូលជួបសម្តែងការគួសម

  • 4
ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វាគមន៍អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងសហការី ក្នុងដំណាក់កាលប្រទេសកម្ពុជា មានសង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ និងត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានបញ្ចប់ការឈឺចាប់ដោយសង្គ្រាមហើយប្រជាពលរដ្ឋបានបាត់បង់ជីវិតអស់ជាច្រើន។ នយោបាយកសាងសេដ្ឋកិច្ចជាគំរូសម្រាប់មន្ត្រីបន្តវេនរៀនសូត្រជាមូលដ្ឋានគ្រឹះក្នុងការចូល រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ។ យើងបានសិក្សាអំពីលំហូរជនបរទេសដែលចូលរមករកការងារខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យពលករមកធ្វើការស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវញ្ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការយើងគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា ក៏បានស្នើសុំជួយសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចខេត្តនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។ ព្រមទាំងបានស្នើសុំឱ្យអគ្គកុងស៊ុលជួយជម្រុញជើងហោះហើរត្រង់ពីហាណូយមកខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ក៏មានទំនាក់ទំនងទេសចរតាមផ្លូវទឹករួមមកហើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសខេត្តព្រះសីហនុជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាចំនួន៣ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់។
ឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អរគុណឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យឯកឧត្តមដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត កាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់ ទន្ទឹមនោះឯកឧត្តមអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏បានជំរាបជូនពីពលករបរទេសធ្វើការនៅប្រទេសវៀតណាមមានដូចជាជនជាតិចិន និងជនជាតិកូរ៉េ មានប្រមាណជាង ៣ទៅ ៤ម៉ឺននាក់កំពុងធ្វើការ។ ឯកឧត្តមអគ្គកុងស៊ុល បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។
ក្នុងឱកាសនោះឯកឧត្តម ក៏ចង់ឈ្វេងយល់ពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាជនវៀតណាម និងអ្នកវិនិយោគ យើងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ សង្ឃឹមថា យើងនឹងរួមគ្នាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងល្អបន្ថែមទៀត៕
Skip to toolbar