ឯកឧត្តម សៀ សុភ័ក្រ្ត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម សៀ សុភ័ក្រ្ត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល

  • 4
រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល ដោយមានការចូលរួមលោកព្រឹទ្ធបូជាចារ្យ លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោកគ្រូគង្វាល នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា បានបញ្ជាក់ថា ការជួបជុំនាពេលនេះ ជាប្រវត្តិសាស្ត្រសម្រាប់ជាគំរូដល់ខេត្តដទៃ ដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានចូលរួមម្យ៉ាងទៀតដើម្បីបង្ហាញពីសេចក្តីស្រលាញ់ពីព្រះយេស៊ូគ្រីស្ទទចំពោះមនុស្ស ហើយព្រះយេស៊ូគ្រីស្ទស្រលាញ់មនុស្សដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ និងជួយមនុស្សឱ្យរួចពីអំពើបាបព្រមទាំងឱ្យមនុស្សមានសេចក្តីសុខ និងសេចក្តីសង្ឃឹមទាំងអស់គ្នា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា តាងនាមរដ្ឋបាលខេត្ត សូមចូលរួមអបអរបុណ្យកំណើតព្រះយេស៊ូគ្រឹស្ទ ដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គី ភាពរវាងគ្រឹស្ទបរិស័ទ និងរាជរដ្ឋាភិបាល ពិសេសជាមួយរដ្ឋបាលខេត្តឱ្យកាន់តែល្អប្រសើរថែមទៀត ដោយប្រកាន់យកសុខដុមនីយកម្មសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញ្ញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត ធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំព្រឹទ្ធបូជាចារ្យ លោកគ្រូគង្វាល គ្រឹស្ទបរិស័ទ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមនីយកម្មជាមួយគ្នា ចាកផុតពីការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនាក្នុងសង្គមជាតិទាំងវមូល។ សូមអគុណបងប្អូនគ្រឹស្ទសាសនិកក្នុងខេត្តព្រះសីហនុ តែងតែចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការការអភិវឌ្ឍខេត្ត និងចូលរួមថែរក្សាសុខសន្តិភាព ជាពិសេសកន្លងមកនេះបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បន្តថា កម្ពុជាមានព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយក៏មានឥស្លាមសាសនា និងគ្រីស្ទសាសនាផងដែរ។ សាសនាទាំងអស់អាចរស់នៅជាមួយគ្នាមិនមានជម្លោះសាសនា ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់មិនមានការបំបិទសិទ្ធិអ្នកកាន់សាសនា។ កម្ពុជាមានសន្តិភាព រាល់ការកាន់ជំនឿសាសនា គឺជាសិទ្ធិសេរីភាព។ ហើយនៅលើពិភពលោកគ្មានសាសនាណាមួយប្រដៅមនុស្សឱ្យធ្វើអំពើអាក្រក់នោះទេ សាសនាណាក៏អនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១.រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានគង់វង្ស បើមិនមានសន្តិភាពកុំនិយាយពីការរីកចម្រើនខាងសាសនាឱ្យសោះ
២.ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ចួននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព លុបបំបាត់ចោរឆក់ ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ រួមគ្នាកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់
៣.ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍
៤.បន្តការយកចិត្តទុកដាក់សុខដុមនីយកម្មសាសនាខ្លួនឯង និងធ្វើឱ្យមានទំនាក់ទំនងល្អជាមួយសាសនាដទៃទៀត
៥.បន្តបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីងាយស្រួលក្នុងការ ចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២០លានរៀល ឧបត្ថម្ភសម្រាប់ដំណើរការកម្មវិធីប្រកបដោយភាពស្និតស្នាល៕
Skip to toolbar