ឯកឧត្តម Sudirman Haseng ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម Sudirman Haseng ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់

  • 4
ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិការទូតនៅកម្ពុជានៅខែមករា ឆ្នាំ២០២៣ខាងមុខ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ឯកឧត្តម Sudirman Haseng ឯកអគ្គរទូតឥណ្ឌូនេស៊ី បានថ្លៃងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលឯកឧត្តមបានចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ព្រមទាំងបានដឹកនាំសិល្បករប្រទេសឥណ្ឌូនេស៊ីចូលរួមការសម្តែងសិល្បៈអបអរសាទរបុណ្យសមុទ្រ។ ឆ្លៀតក្នុងឱកាសចូលរួមបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ក៏សុំចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ដើម្បីជំរាបលាដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិការទូតនៅពេលខាងមុខនេះ និងថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិល្អ ជាមួយនឹងស្ថានទូតឥណ្ឌូនេស៊ី ក៏ដូចជាការផ្តល់ការគាំពារផ្សេងៗជួយដល់សហគមន៍ឥណ្ឌូនេស៊ីនៅក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរការអភិវឌ្ឍរបស់ខេត្តព្រះសីហនុមានសន្ទុះលឿន មានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកវិនិយោគបរទេស។
ឯកឧត្តម សង្ឃឹមថា អ្នកវិនិយោគឥណ្ឌូនេស៊ី និងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។ ហើយសុំជំរាបលាដែលឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីត្រូវបានបញ្ចប់បេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីដែលបានជួយសម្របសម្រួលបញ្ជូនក្រុមសិល្បៈមកចូលរួមសម្តែងក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តត្រៀមខ្លួនរួចរាល់ ក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយប្រទេសឥណ្ឌូនេស៊ី និងសហគមន៍ឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ និងការពារនូវផលប្រយោជន៍ស្របច្បាប់ផងដែរ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវដែក ផ្លូវគោក ពិសេសផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ។ ទោះបីកម្ពុជារងផលប៉ះពាលដោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែខេត្តព្រះសីហនុនៅតែបន្តការកសាង និងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន មានដូចជាផ្លូវថ្នល់ សួនច្បារ ភ្លើងបំភ្លឺសាធារណ បន្ទប់ទឹកសាធារណនៅតាមបណ្តោយឆ្នេរ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីនាពេលបច្ចុប្បន្ន។
Skip to toolbar