ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលផ្លូវបេតុង និងការដាំបង្គោលភ្លើងនៅលើក្រុងកោះរ៉ុង – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលផ្លូវបេតុង និងការដាំបង្គោលភ្លើងនៅលើក្រុងកោះរ៉ុង

  • 4
ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលផ្លូវបេតុង និងការដាំបង្គោលភ្លើងនៅលើក្រុងកោះរ៉ុង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ ពាក់ព័ន្ធ ប្រធានអគ្គិសនីខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

តាមរបាយការណ៍របស់លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ត្រីអគ្គិសនីកំពុងធ្វើការដាំបង្កោលភ្លើងនៅអមសងខាងផ្លូវនៅតំបន់កោះចំនួនជាង ៣០០ដើម ហើយបង្គោលភ្លើងទាំងនេះយើងកំពុងតែមមាញឹកក្នុងការដាំ ដើម្បីអូសខ្សែភ្លើងជូនប្រជាពលរដ្ឋប្រើប្រាស់នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ខាងមុខ។

ក្នុងការចុះពិនិត្យការដាំបង្គោលភ្លើងនៅតាមបណ្តោយផ្លូវក្នុងក្រុងកោះរ៉ុង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំជម្រុញឱ្យអគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ពន្លឿនការដាំបង្គោលភ្លើង និងអូសខ្សែភ្លើងភ្ជាប់ពីភូមិមួយទៅភូមិមួយ ព្រោះភ្លើងនេះ គឺជាខ្សែភ្លើងបណ្តាញរបស់ថ្នាក់ជាតិ អូសក្រោមបាតសមុទ្រមកពីតារ៉ាសាគរ ខេត្តកោះកុង មកកាន់តំបន់កោះនៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាបណ្តាញរបស់ជាតិ ដូច្នេះប្រជាពលរដ្ឋនៅតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់នាពេលឆាប់ៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាងមុខ។
ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងកោះរ៉ុង ជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យការដាំបង្គោលភ្លើងនេះប្រព្រឹត្តទៅដោយរលូន និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដី ឬលំនៅឋាននៅ អមសងខាងផ្លូវសូមចូលរួមសហការ ដើម្បីឱ្យការងារដាំបង្គោលភ្លើង និងការអូសខ្សែភ្លើងរបស់អគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយជោគជ័យ ហើយប្រជាពលរដ្ឋតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក និងជួយសម្រួលតម្លៃភ្លើងកាន់តែថោកជាងមុន កាត់បន្ថយការចំណាយលើអគ្គិសនីនាពេលខាងមុខជាក់ជាមិនខាន។
Skip to toolbar