ឯកឧត្ដម គួច ចំរើន អញ្ជើញសំណេះសំណាល និងនាំយកព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្ដម គួច ចំរើន អញ្ជើញសំណេះសំណាល និងនាំយកព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ

  • 4
ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជីចំនួន២៨៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្អែកលើកត្តាពេលវេលា ឆន្ទះស្មារតីឯកភាពក្នុងការរៀបចំពិធីថ្វាយព្រះហ្លួងម៉ែគម្រប់៨៦ ឈានចូល ៨៧ព្រះវស្សា និងពិធីចែកព្រះរាជអំណោយជាទានរបស់ហ្លួងម៉ែជូនប្រជាពលរដ្ឋ តាជី យាយជី ជាការរួមចំណែកដោះស្រាយបញ្ហាខ្វះខាតប្រឈមនានាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមប្រធានបានបញ្ជាក់ថា ស្នាព្រះហស្ថហ្លួងម៉ែ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គបានចូលរួមបរិច្ចាគធនធាន ចូលរួមសុខទុក្ខជាមួយប្រជារាស្ត្រនៅទូទាំងប្រទេស សួមបួងសួងឱ្យព្រះអង្គមានព្រះជន្មាយុយឺនយូរ គង់នៅជាម្លប់សម្រាប់កូនចៅ ចៅទួត ចៅលួត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសាខា អនុសាខាកាកបាទក្រហមខេត្ត នាំយកអំណោយសម្តេចម្ចាស់ក្សត្រីចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជី ពិសេសមន្ត្រីអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្មារតីយកចិត្តទុកដាក់ការទទួលខុសត្រូវ ទើបយើងមានឱកាសមកជួបជុំបងប្អូនជិត៣០០នាក់នាពេលនេះ។ មន្ត្រីមូលដ្ឋានបានយកចិត្តទុកដាក់ ស្របតាមគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាក់ស្តែងថ្ងៃនេះសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើង បានបន្តការដោះស្រាយនូវភាពខ្វះខាតជូនបងប្អូនជាបន្តបន្ទាប់។ ការចែកអំណោយមនុស្សធម៌ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហម ហើយអំណោយនេះគឺចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា មិនមានការរើសអើងប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមប្រធានបានបន្តទៀតថា កន្លងមកគឺមានព្រះសង្ឃ និងសប្បុរសជនក៏បានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តជាបន្តបន្ទាប់ និងបានថ្លែងអំណរព្រះគុណដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហម។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកព្រះរាជអំណោយរបស់លួងម៉ែចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជី ចំនួន២៨៧នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ម៉ាស១ប្រអប់ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ក្រមា១ សារុង១) និងថវិកា៥ម៉ឺនរៀល៕
Skip to toolbar