លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា ចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា ចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយករងពន្ធនាគារ និងប្រតិភូក្រសួងសុខាភិបាលចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

លោកឧត្តមសេនីយឯក លឹម សុខា អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយករងពន្ធនាគា មានប្រសាសន៍ថាគោលបំណងនាពេល នេះ សុំការសហការពីថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាលជួយគាំទ្រផ្នែកសេវាសុខាភិបាលនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ កន្លងមករដ្ឋបាលខេត្តបានជួយគាំទ្រផ្នែករឹង និងផ្នែកទន់ និងការជួយផ្តល់សេវាគាំពារផ្នែកសុខាភិបាលជាបន្តបន្ទាប់។ ក្នុងរយៈពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជិត២ឆ្នាំកន្លងមក ការផ្តល់ និងផ្គត់ផ្គង់ឱសថត្រូវបានផ្អាកដោយឱ្យមកទទួលសេវានៅមណ្ឌលសុខភាពឃ្លាំងលើវិញ។
ឯកឧត្តមបានបញ្ជាក់ថា តាមដំណើរទស្សនៈកិច្ចនៅពន្ធនាគារខេត្តព្រះសីហនុ នៅមានការខ្វះខាតដូចជា៖
១.ប៉ុស្តិ៍សុខភាពនៅក្នុងពន្ធនាគារ ព្រមទាំងស្នើសុំឱ្យមានវេជ្ជបណ្ឌិតចុះទៅជួយពិនិត្យសុខភាពជូនអ្នកជាប់ទោសនៅក្នុងពន្ធនាគារមួយខែម្តង
២.សុំកិច្ចសហការកាន់តែជិតស្និទ្ធ និងកសាងឯកសារគតិយុត្តនានា
៣.ប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពក្នុងការគ្រប់គ្រងពិនិត្យសុខភាពនៅក្នុងពន្ធនាគារ ការចូលរួមផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិ។ ក្នុងនោះក៏ស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពង្រឹងពង្រីកសុខភាពបឋម សុខ ភាពអនាម័យ និងទឹកស្អាតជាដើមនៅក្នុងពន្ធនាគារ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូអគ្គនាយករង អគ្គានុរក្សក្រសួងមហាផ្ទៃ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគាំទ្រការលើកឡើងដើម្បីបង្កើតប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ ដើម្បីផ្តល់សេវាសុខាភិបាលជូនពិរុទ្ធជន (ជនដែលត្រូវចោទ) ទាក់ទងនឹងការមិនផ្តល់ឱសថទៅពន្ធនាគាររយៈពេល ២ឆ្នាំមកនេះ យើងនឹងលើកយកទៅពិភាក្សាបន្តទៀត ព្រោះខេត្តព្រះសីហនុ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយជំងឺកូវីដមិនដឹងបញ្ចប់នៅពេលណា មានតែយើងចូលរួមអនុវត្តនូវវិធានសុខាភិបាលទាំងអស់គ្នា។ ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុចំពោះអ្នកជាប់ទោសនៅក្នុងពន្ធនាគារ ដែលមានអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានចុះទៅធ្វើការពិនិត្យអង្កេត តាមដានជាប់ជាប្រចាំជារៀងរាល់ឆ្នាំ។
លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត បន្តចូលរួមសហការជាមួយពន្ធនាគារក្នុងការថែទាំ ផ្តល់សេវាសុខាភិបាលជូនដល់ជនជាប់ចោទនៅក្នុងពន្ធនាគារឱ្យមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត៕
Skip to toolbar