ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី

  • 6
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ «ស្ត្រីត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីភាពសុខសាន្តរបស់ស្រ្តី និងសង្គមជាតិ»
ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ចំណុះទីចាត់ការ-អង្គភាពសាលាខេត្ត មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មណ្ឌលកុមារកំព្រារខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តសរុប ៣៤២នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូរពាក់ព័ន្ធ​បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្រោមម្លប់សន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍន ភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការងារបញ្ច្រាបយេនឌ័រជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនោះយើងត្រូវតែបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្ត្រីក្នុងខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការបិទខ្ទប់ ការចុះចែកស្បៀងសម្តេចតេជោ ក្នុងតំបន់បិទខ្ទប់ ការជួយសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជាដើម។ ក្នុងបរិបទ នៃជំងឺកូវីដ ខេត្តព្រះសីហនុ បានបំពាក់នូវម៉ាស៊ីនផលិតអ៊ុកស៊ីសែន ការសាងសង់មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ និងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ដោយសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់លោកជំទាវ លោកស្រីរបស់យើងបានឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីក្នុងខេត្តព្រះ សីហនុ ដែលបានចូលរួមគ្រប់សកម្មភាពធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងបងប្អូនប្រជាពលរដ្ឋ ឱ្យបន្ថែមទម្លាប់នៅពេលជួបគ្នា​ សូមចាប់ផ្ដេីមដោយសំណួរថា​ “តេីចាក់វ៉ាក់សាំងបានប៉ុន្មានដូសហេីយ?” រួចចាំបន្តសួរ តេីសុខទុក្ខយ៉ាងណា?​ ដើម្បីលើកទឹកចិត្តអ្នកចាក់វ៉ាក់សាំង។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បាន
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ​ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូននារីទាំង៣៤២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល៕
Skip to toolbar