ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង

  • 4
ល្ងាចថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ឆ្នាំ២០២១ រយៈពេល០៦ថ្ងៃ (១២-១៧ ធ្នូ២០២១) នៅឆ្នេរសុខា ក្រុងព្រះសីហនុ។

មានប្រសាសន៍នៅក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវមោទនភាពចំពោះព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ឆ្នាំ២០២១ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ដែលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងម្ចាស់ផ្ទះក្នុងការរៀបចំពិធី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនដែលធ្លាប់មាន នៅក្នុងប្រទេសកម្ពុជានិងក៏ជាការបើកទំព័រសករាជថ្មីមួយ សម្រាប់ខេត្តព្រះសីហនុ ក្នុងការសហការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលមានគណៈកម្មការរៀបចំការប្រកួតអន្តរជាតិ ក្រុមកីឡាករ-កីឡាការិនីមកពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានមានកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ស្ថិតក្នុងបរិបទនៃការផ្ទុះរីករាលដាលជាសកលនៃជំងឺកូវីដ១៩ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមប្រកួតមានចំនួន ២៧នាក់ និងមានទូកចំនួន ២២ទូក។
តាមរយៈការរៀបចំពិធីនេះ ខេត្តព្រះសីហនុ នឹងត្រូវបាន ផ្សព្វផ្សាយបន្ថែម នៅលើឆាកជាតិ និងអន្តរជាតិ ឱ្យបានស្គាល់អំពីសក្តានុពលរបស់ខេត្ត រួមមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក មានកោះតូចធំកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងធនធានធម្មជាតិដ៏សម្បូរបែបផ្សេងៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងចំនួន៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាជាច្រើនទៀតដែលត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១ កន្លងមកនេះ ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចសង្គមធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិដើម្បីសម្រេចបាន ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាសន្តិសុខសុវត្ថិភាពជូនដល់ក្រុមកីឡាករកីឡាការិនីទាំងជាតិ និងអន្តរជាតិ ដោយកម្លាំងសមត្ថកិច្ចចម្រុះជាង១ពាន់នាក់ ជូនក្រុមកីឡាករសម្រាប់ការប្រកួតនេះផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ក្នុងពិធីនេះថា ការការប្រកួតកីឡាទូកក្តោងជ្រេីសរេីសជេីងឯកអាស៊ីអាគ្នេយ៌ឆ្នាំ២០២១​ រួមគ្នាស្រឡាញ់កីឡាទូកក្តោង នៅខេត្តព្រះសីហនុនាពេលនេះ​ បានបង្ហាញឱ្យឃើញពីជោគជ័យ នៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ និងជាដំណើរឆ្ពោះទៅបើកទេសចរណ៍វ៉ាក់សាំងដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើការដោះស្រាយ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញជូនទៅកាន់ពិភពលោក ឱ្យឃើញពីសម្រស់ឆ្នេរសមុទ្រកម្ពុជា រួមនិងការអភិវឌ្ឍន៍នៅកម្ពុជា ហើយជាមួយគ្នានេះប្រតិភូសហពន្ធ័កីឡាទូកក្តោងមកពីប្រទេសសឹង្ហបុរី ក៏បានវាយតម្លៃខ្ពស់ចំពោះ ឆ្នេរសមុទ្រកម្ពុជាដែលលោកបានចាត់ទុកថាជាឆ្នេរសមុទ្រស្អាតមួយ ក្នុងចំណោមឆ្នេរសមុទ្រស្អាតមួយចំនួនទៀតក្នុងពិភពលោក៕
Skip to toolbar