ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យទីលានតេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាទីលានតេជោ ត្រូវពន្លឿនការប្រមូលកាកសំណល់ និងលាងសម្អាតឱ្យបានស្អាត ព្រោះទីតាំងទីលានតេជោ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំវេទិកាសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យការជួសជុលកែលម្អរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណភាព ត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕