ការអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ការអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ

  • 4
ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចជួបជុំជាលក្ខណ:ធំបានទេ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការ ដោយបានលើកឡើងថាក្នុងស្ថានភាពកូវីដ-១៩ មន្ត្រីរបស់យើងបានរួមគ្នាក្នុងការទទួលខុសត្រូវ ជាពិសេសមន្ត្រីសុខាភិបាលបានបំពេញការងារយ៉ាងផុលផុសក្នុងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ។ ហើយកិច្ចការដែលយើងត្រូវធ្វើមានដូចជា ទី១. ទាក់ទងនឹងស្មារតីរបស់ក្រុមគ្រូពេទ្យក្នុងការទទួលខុសត្រូវខ្ពស់ ក្នុងបរិបទកូវីដ មន្ត្រីរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ និងមានមន្ត្រីរបស់យើងមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ដែលនេះជាការទទួលខុសត្រូវរួមគ្នារបស់មន្ត្រីយើង។ ទី២. ការរួមគ្នាធ្វើការងារជាក្រុមបានល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបនឹងបរិបទកូវីដក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ យើងក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការដែលមានបងប្អូន កូនក្មួយបានចាក់វ៉ាក់សាំងដូសទី២រួចបាន រយៈពេល០៤ខែ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីសុខាភិបាលសរុបចំនួន ៧៩៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទឹកក្រូច ០១កេសផងដែរ៕
Skip to toolbar