ការប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ការប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ

  • 4
ព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ប្រធានលទ្ធកម្មសាលាក្រុងព្រះសីហនុ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុងព្រះសីហនុ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាលាក្រុងសាលាក្រុងព្រះសីហនុ។

លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានបេ្តជ្ញាចិត្តខិតខំត្រង់ត្រាប់ និងអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចខាងក្រោម៖
-អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
-ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសទិសដៅ និងផែនការសកម្មភាពការងាររបស់រដ្ឋបាលក្រុង។
-ខិតខំយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាពក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ បង្កើតសាមគ្គីភាពផ្ទៃក្នុង និងបង្កើនការទំនាក់ទំនងជាមួយបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តឱ្យបានល្អប្រសើរ។
-បំពេញភារកិច្ចផ្សេងៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចជូន ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ប្រធានលទ្ធកម្មសាលាក្រុងព្រះសីហនុ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺអនុលោមទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អនុក្រឹត្យស្ដីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ និងអនុក្រឹត្យលេខ២៦ អនក្រ.បកចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី- ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងបំពេញនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវលើការងារគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ ការតែងតាំង និងផ្លាស់ប្ដូរមុខតំណែង គឺជាច្បាប់ ជាគោលការណ៍ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវតែអនុវត្តស្របតាមច្បាប់លក្ខន្តិកៈនៃក្របខ័ណ្ឌនីមួយៗក្នុងមុខងារសាធារណៈ ។
លោក ម៉ាង ស៊ីណេត បានកោតសរសើររដ្ឋបាលក្រុងព្រះសីហនុ មន្ត្រីគ្រប់អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ក្រុមប្រឹក្សាសង្កាត់ដែលកន្លងមក បានខិតខំរួមសាមគ្គីគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំគ្រប់គ្រងអនុវត្តការងារលើគ្រប់វិស័យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កំពុងរៀបចំកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ធានារ៉ាប់រងនូវភារកិច្ចស្នូលទាំងឡាយរបស់រដ្ឋបាលក្រុងព្រះសីហនុ លើការងារដឹកនាំក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាប្រការដ៏សំខាន់ត្រូវធានាការងារសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេសយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមតួនាទីភារកិច្ចឱ្យបានហ្មត់ចត់ ។ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយរវាងថ្នាក់លើ និងថ្នាក់ក្រោមនិងបណ្ដាមន្ទីរ អង្គភាពដៃគួរអភិវឌ្ឍន៍នានា។ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជ ការសម្របសម្រួលតាមដានការងារផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដើម្បីបង្កើនការជឿជាក់លើការដឹកនាំ។ ផ្សព្វផ្សាយចលនាមហាជនឱ្យមានស្មារតីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាពនៅក្នុងមូលដ្ឋានតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទធានាបានសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។ ត្រូវមានគំនិតផ្ដួចផ្ដើមនិងមនសិការការងារខ្ពស់ប្រកបដោយតម្លាភាពគណនេយ្យភាព និងអភិបាលកិច្ចល្អ។ យកចិត្តទុកដាក់ការសម្របសម្រួលដោះស្រាយការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅផែនការសកម្មភាពលើវិស័យដែលខ្លួនដឹកនាំច្បាស់លាស់ ត្រូវខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ ត្រូវសិក្សាស្វែងយល់ពីគោលការណ៍ ដើម្បីពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ធ្វើការចែករំលែកចំណេះដឹងដល់មន្ត្រីបន្តវេន និងពង្រឹងរបៀបរបបធ្វើការងារឱ្យស្របតាមច្បាប់មន្ត្រីរាជការស៊ីវិល និងសេចក្តីណែនាំនានាដែលកំណត់របស់ក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ឬប្រទេសវៀតណាម ត្រូវរាយការណ៍មកក្រុង ស្រុក ដើម្បីយើងមានវិធានការយកពួកគាត់ធ្វើចក្តាឡីស័ក ១៤ថ្ងៃជាមុន ដើម្បីធានាថាសហគមន៍របស់យើងមិនមានការឆ្លងជំងឺកូវីដ១៩ ៕
Skip to toolbar