ការបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥ – រដ្ឋបាលខេត្តព្រះសីហនុ

ការបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥

  • 4
រសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥ ចំនួន ២០នាក់ ។
លោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយរយ:ពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់២៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ទទួលបានលទ្ធផលល្អ ដោយមានការធ្វើបទបង្ហាញពីគ្រូបង្គោលលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការតំឡើងអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយប្រកបដោយប្រសិទ្ធិភាព ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងគ្រូបង្គោលប្រទេសចិន ដែលបានជួយមកបង្ហាត់បង្រៀនដល់មន្ត្រីបច្ចេកទេស ក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ ពិសេសការខិតខំប្រឹងប្រែងស្តាប់ និងទទួលបាននូវការអនុវត្តជាក់ស្តែងដោយយកចិត្តទុកដាក់ ។
លោកអភិបាលរងខេត្ត បន្តថាដោយសារប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យជម្រុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។ខេត្តព្រះសីហនុ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ដែលកសាងដោយក្រុមហ៊ុនខ្មែ គឺខ្មែរធ្វើបាន ហើយនេះជាសមត្ថភាពដែលខ្មែរមានចំណេះដឹង និងអនុវត្តដោយខ្លួនឯង។ ប្រមុខរាជរដ្ឋាភិបាលបានបន្តសាងសង់ផ្លូវ ៣៨ខ្សែបន្តទៀតនៅខេត្តសៀមរាប ដើម្បីបំរើឱ្យវិស័យទេសចរណ៍ ក៍ដូចជាបំរើឱ្យការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោកបន្តថា ខេត្តព្រះសីហនុ មានផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ដែលជាខេត្តមានសក្តានុពលក្នុងការអភិវឌ្ឍ និងបំរើឱ្យវិស័យទេសចរណ៍ដែលមានឆ្នេរសមុទ្រសស្អាត ខ្យល់អាកាសបរិសុទ្ធ និងមានកោះចំនួន ៣២ ប្រកបដោយសក្តានុពល៕
Skip to toolbar