ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ – រដ្ឋបាលខេត្តព្រះសីហនុ

ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

  • 4
ព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា មានប្រសាសន៍ថា ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់ឯកឧត្តម គួច ចំរើន និងក្រុមការងារ ។
ផ្ទាំងគំនូរនេះបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជាតិ និងប្រទេសទាំងពីរបង្កើតផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាងសឹង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា សិល្បៈអមត: ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសិង្ហបុរី មានប្រសាសន៍បន្តថាៈ​ នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ។
ខ្ញុំយល់ថាក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំ ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា​ ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- សឹង្ហបុរី និងបើកដំណើរការក្លឹបហាត់ប្រាណ D’Seaview Clubhouse ដោយធ្វើការកោតសរសើរ និងអបអរសាទរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។
នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បបានបន្តថាក្នុងនាមរដ្ឋបាលខេត្ត​ ខ្ញុំសូមគាំទ្រដល់ការវិនិយោគមួយនេះ និងសូមអោយការក្រុមហ៊ុនបានប្រកបអាជីវកម្មរបស់ខ្លូនអោយដំណេីរការដោយរលូន​ និងជោគជ័យ៕
Skip to toolbar