កិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ

  • 4

ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។ សូមជម្រាបថាប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹករហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល ដោយប្រើប្រាស់កាណូតល្បឿនលឿនចំនួន១៨គ្រឿង ចេញដឹកជញ្ជូនចំនួន២៦ជើង។ ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប ១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំមានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនតាមកាណូតល្បឿនលឿន មកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕

 

Skip to toolbar