ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨

  • 4

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍បើកសន្និបាតបូកសរុបការងារ ដោយគូសបញ្ជាក់ថាការងាររបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០១៧ទទួលបានលទ្ធផលល្អ។សន្និបាតនេះធ្វើឡើងដើម្បីស្វែងយល់អំពីចំណុចខ្លាំង សម្រាប់ធ្វើជាគំរូ និងចំណុចខ្វះខាតទាំងឡាយ ដើម្បីជៀសវាង និងកែលំអឲ្យបានប្រសើរឡើងនាពេលបន្ទាប់។ ម្យ៉ាងវិញទៀត សន្និបាតផ្តល់មិតិយោបល់ក្នុងន័យស្ថាបនា ការផ្ដល់ជាកម្លាំងចិត្តដល់មន្ត្រីអនុវត្តផ្ទាល់ ដើម្បីជំរុញឲ្យកិច្ចការនៅឆ្នាំ២០១៨ កាន់តែមានសុក្រឹត្យភាព និងទទួលបានសមិទ្ធផលធំៗ និងថ្មីៗបន្ថែមទៀត ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា គោលដៅអាទិភាពសម្រាប់ឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្ត គឺជាការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងមហាផ្ទៃឲ្យបានទទួលជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបំណងប្រាថ្នារបស់រដ្ឋបាលខេត្តដោយផ្ដោតលើការពិភាក្សា ពិចារណាទៅលើបញ្ហាសំខាន់ៗដូចខាងក្រោម៖
ទី១ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព បញ្ហាសណ្ដាប់ ធ្នាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន នឹងការជួញដូរមនុស្សស្ត្រី និងកុមារ ។
ទី២ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។ ទី៣ ការងារសេដ្ឋ កិច្ច សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ទី៤ ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ កោះ និងការអភិវឌ្ឍលើវិស័យទេសចរណ៍ និងបញ្ហាដីធ្លី ។
ទី៥ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិទាំងលើគោក និងតំបន់ឆ្នេរ ។
ទី៦ ការគ្រប់គ្រងស្ថិតិ និងការងារជនបរទេស ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា ការងារដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងឆ្នាំ២០១៧កន្លងមក បានឆ្លុះបញ្ចាំងអំពីស្នាដៃ លទ្ធផលល្អប្រសើរ ដែលកើតចេញពីចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍ខេត្ត លើការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបស័គ្គដោយឥតរាថយ ចូលរួមយ៉ាងសកម្ម ព្រមទាំងភាពជាម្ចាស់ និងការទទួល ខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តផែនការរបស់ខេត្ត និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្រេចបានលទ្ធផលល្អប្រសើរ ៕

TR (គេហទំព័រសាលាខេត្ត)

workshopworkshop1workshop2workshop3workshop4workshop5workshop6workshop7workshop8workshop9workshop10

Skip to toolbar